របៀបធ្វើអុំរ៉ោះ

របៀបធ្វើអុំរ៉ោះ, Umrah, បុណ្យហិជ្ជ, អុំរ៉ោះ

យោងហ្វាតាវ៉ា អ៊ីមុំា អ៊ីពនូ ហ្ពាហ្ស (១៧/៤២៥) និងអ៊ីពនូ អ៊ូសៃមីន បាននិយាយថា ៖ ការងារដែលត្រូវធ្វើសំរាប់អុំរ៉ោះគឺ មាន៤ ៖ الإحرام ، والطواف بالبيت الحرام ، والسعي بين الصفا والمروة ، والحلق أو التقصير - អាល់អៀហរ៉ម (នៀតធ្វើអុំរ៉ោះដោយពាក់ក្រណាត់ស២ដុំ)
- ដើរតវ៉ាហ្វជុំវិញកាក់ហ្ពះ «៧ជុំ»
- ដើរសាអ៊ីរវាង អាល់សាហ្វា និងអាល់ម៉ើរវ៉ា «៧ជុំ»
- កោរសក់ ឬកាត់សក់

ទី១៖ អាល់អៀហរ៉ម

នៅពេលដែលអ្នកទៅដល់មីកោត (ព្រំប្រទល់ដែលបានកំណត់) ស៊ុណ្ណះត្រូវងូតទឹកដូចងូតទឹកជូនុប ដូចគ្នាដែរស្រ្តី គឺត្រូវងូតទឹកបើសិនជានាងមានរដូវ ឬនីហ្វាស ក៏ប៉ុន្តែនាងមិនត្រូវដើរតវ៉ាហ្វជុំវិញកាក់ហ្ពះឡើយរហូតទាល់តែនាងអស់រដូវ។

ពីព្រោះ ណាហ្ពីបានបញ្ជាឲ្យ អាស្មាក ពិនតី អ៊ូមៃស្ស ដែលកំពុងមាននីហ្វាសឲ្យនាងងូតទឹកពេលនាងចង់ពាក់អៀហរ៉មធ្វើអុំរ៉ោះ ដូចក្នុងហាទីសរាយការណ៍ដោយមូស្លិម៖

حتى النفساء والحائض لأن النبي صلى الله عليه وسلم ( أمر أسماء بنت عميس حين نفست أن تغتسل عند إحرامها وتستثفر بثوب وتحرم ) . رواه مسلم (1209) .

បន្ទាប់ពីងូតទឹករួចស៊ុណ្ណះសំរាប់បុរស ត្រូវលាបទឹកអប់ក្រអូបលើពុកចង្កា លើក្បាល ដូចក្នុងហាទីស អាអ៊ីស្ហះ រាយការណ៍ដោយពូខរី និងមូស្លីម បន្ទាប់មកចាំពាក់អៀហរ៉មពីលើ តែមិនត្រូវលាបទឹកអប់លើក្រណាស់សនៃអៀហរ៉មឡើយ។

عائشة رضي الله عنها قالت : كان النبي صلى الله عليه وسلم إذا أراد أن يحرم تطيب بأطيب ما يجد ، ثم أرى وبيص المسك في رأسه ولحيته بعد ذلك . رواه البخاري (271) ومسلم (1190) .

មុនពេលពាក់អៀហរ៉ម ឬមុនពេលនៀតចាប់ផ្តើមធ្វើអុំរ៉ោះ ស៊ុណ្ណះត្រូវកោររោមក្លៀក រោមជុំវិញប្រដាប់កេរ្តិ៍ខ្មាស់ កាត់ក្រចកដៃជើង និងកាត់តម្រឹមពុកមាត់នៅឯផ្ទះមុនពេលធ្វើដំណើរ ឬមុនពេលនៀតចាប់ផ្តើមធ្វើអុំរ៉ោះ ពីព្រោះ បន្ទាប់ពីនៀតចូលធ្វើអុំរួចមិនអនុញ្ញាតឡើយ។

បើសិនជាក្នុងករណីគាត់មិនអាចងូតទឹកពេលទៅដល់មីកោត ដូចជានៅលើយន្តហោះជាដើម វ៉ាជិបមកលើគាត់គ្រាន់តែដោះសម្លៀកបំពាក់ទាំងអស់ ហើយពាក់តែក្រណាត់សពីរដុំប៉ុណ្ណោះ ។ ហើយពេលទៅដល់សណ្ឋាគានៅម៉ាក្កាហគាត់អាចងូតទឹកក៏បានដែរមុនពេលគាត់ចេញទៅទៅដើរតវ៉ាហ្វ។

រីឯស្រ្តីវិញ គឺ អនុញ្ញាតឲ្យពាក់សម្លៀកបំពាក់អ្វីក៏បានដែរ ដែលមិនធ្វើឲ្យបុរសដទៃចាប់អារម្មណ៍ និងមិនមែនជាសម្លៀកបំពាក់ដែលលេចធ្លោខុសពីមនុស្សដទៃក្នុងប្រទេស។ បន្ទាប់មកចូរអ្នកនៀតក្នុងចិត្ត «ចង់ធ្វើអុំរ៉ោះ» បន្ទាប់មកត្រូវសូត្រថា ៖

لَبَّيْكَ عُمْرَة ឬ اَللَّهُمَّ لَبَّيْكَ عُمْرَة

បន្ទាប់មកសូត្រ «តាល់ពីយ្យះ» ដូចដែលណាហ្ពីបានសូត្រគឺ ៖

لَبَّيْكَ اللَّهُمَّ لَبَّيْكَ، لَبَّيْكَ لاَ شَرِيكَ لَكَ لَبَّيْكَ، إِنَّ الْحَمْدَ، وَالنِّعْمَةَ، لَكَ وَالْمُلْكَ، لاَ شَرِيكَ لَكَ

ត្រូវសូត្រតាល់ពីយ្យះខាងលើរហូតដល់ឃើញកាក់ហ្ពះ ចូរអ្នកជ្រាបថា តាល់ពីយ្យះខាងលើ មានន័យថា «អ្នកកំពុងឆ្លើយតបចំពោះអល់ឡោះតាមអ្វីដែលអល់ឡោះបានបញ្ជាឲ្យមកធ្វើហាជ្ជី ឬអុំរ៉ោះ» ដូច្នេះ រាល់អ្វីៗទាំងអស់ដែលបានឮការសូត្រតាល់ពីយ្យះខាងលើរបស់អ្នក មិនថាដើមឈើ ឬថ្ម សុទ្ធតែនឹងធ្វើសាក្សីឲ្យអ្នកនៅថ្ងៃគីយ៉ាម៉ាត់ដូចក្នុងហាទីសរាយការណ៍ដោយអាត្តើរមីស៊ីលេខ(៨២៨)។

ចូរជ្រាបថា គ្មានឡើយអ្វីទៅដែលហៅថា ស៊ុណ្ណះ២រ៉ក្អាត់បន្ទាប់ពីពាក់អៀហរ៉មរួច វាជាប្រការពិទអះ តែបើសិនជាអ្នកពាក់រួចហើយដល់ពេលសឡាតចូរអ្នកសឡាតធម្មតា។ វាជាការយល់ខុសរបស់មនុស្សមួយចំនួន ពេលចាប់ផ្តើមពាក់អៀហរ៉មភ្លាមក៏យកក្រណាត់សដាក់ក្រោមខ្លៀកខាងស្តាំ ហើយបិទស្មាខាងឆ្វេង នេះជាការយល់ខុស ពីព្រោះ ស៊ុណ្ណះឲ្យធ្វើដូច្នេះតែពេលកំពុងដើរតវ៉ាហ្វប៉ុណ្ណោះ រីឯក្រៅពីនោះត្រូវបិទស្មាទាំងពីរ។

២- តវ៉ាហ្វជុំវិញកាក់ហ្ពះ៧ជុំ

ពេលទៅដល់ម៉ាស្ជិទហារ៉ម គឺត្រូវបញ្ឈប់ការសូត្រតាល់ពីយ្យះ ហើយដើរចូលម៉ាស្ជិតដោយជើងស្តំា និងសូត្រទូអាចូលម៉ាស្ជិទដូចអ្នកចូលម៉ាស្ជិទទូទៅគឺសូត្រទូអាថា ៖

بِسْمِ الله ، وَالصَّلَاةُ وَالسَّلَامُ عَلَى رَسُولِ الله، اَللَّهُمَّ اغْفِرْ لِي ذُنُوبِي ، اللَّهُمَّ افْتَحْ لِي أَبْوَابَ رَحْمَتِكَ. أَعُوذُ بالله الْعَظِيمِ وَ بِوَجْهِهِ الْكَرِيمِ وَسُلْطَانِهِ الْقَدِيمِ مِنَ الشَّيْطَانِ الرَّجِيمِ.

បន្ទាប់មកត្រូវដើរតម្រង់ថ្មខ្មៅនៃកាក់ហ្ពះ ហើយស៊ុណ្ណះដូចក្នុងហាទីស គឺ ឲ្យសាឡាមទៅថ្មខ្មៅដោយយកដៃទៅជូតលើវា និងថើបថ្មនោះ បើសិនជាមានលទ្ធភាព និងមិនប៉ះពាល់ដល់អ្នកដទៃ ហើយសូត្រថា ៖ بِسْمِ الله وَالله أَكْبَر ។

តែបើសិនជាគ្មានលទ្ធភាព ចូរអ្នកលើកដៃតម្រង់ទៅថ្មខ្មៅ ហើយសូត្រថា (الله أكبر) និងមិនត្រូវថើបដៃឡើយ។ ត្រូវដឹងថា « មានតែថ្មខ្មៅនេះប៉ុណ្ណោះនៅលើលោកយើងនេះដែលអល់ឡោះអនុញ្ញាតឲ្យថើប រីឯថ្មក្រៅពីនោះមិនអនុញ្ញាតឡើយ » ដូចក្នុងហាទីស ។

- តើពេលតវ៉ាហ្វវ៉ាជិបត្រូវមានទឹកសំប៉ះយុំាដែរ ឬទេ?

ចំលើយ វាមានការខ្វែងយោបល់គ្នារវាងអ៊ូឡាម៉ាកស៊ុណ្ណះ តែដែលត្រឹមត្រូវគឺ ជាស៊ុណ្ណះ មិនវ៉ាជិបត្រូវតែមានទឹកសំប៉ះយុំាងឡើយដូចក្នុងហ្វាតាវ៉ាស្ហៃខុលឥស្លាម អ៊ីពនូ តៃមីយ្យះ។ ពេលដើរតវ៉ាហ្វាត្រូវឲ្យកាក់ហ្ពះនៅខាងឆ្វេងដៃ ហើយក្រណាត់សខាងលើត្រូវដាក់ក្រោមក្លៀកនៃស្មាខាងស្តាំ ហើយបិទស្មាខាងឆ្វេង ត្រូវដើរជុំវិញ៧ជុំ រៀងរាល់ពេលដើរកាត់ថ្មខ្មៅត្រូវឲ្យសាឡាមដោយយកដៃជូត និងថើប និងសូត្រដូចបានរៀបរាប់ តែបើគ្មានលទ្ធភាពទេគឺ ត្រូវលើកដៃតម្រង់ទៅរកថ្មខ្មៅហើយសូត្រតឹកពៀតថា (الله أكبر) ។

ហើយស៊ុណ្ណះគឺ ត្រូវដើរញាប់លឿនបន្តិចពេលតវ៉ាហ្វនៅជុំទី១ ទី២ និងទី៣ប៉ុណ្ណោះពេលទៅដល់ជ្រុងជិតថ្មខ្មៅ (الركن اليماني) បើសិនជាមានលទ្ធភាព តែបើមានមនុស្សច្រើនមិនបាច់ដើរញាប់ឡើយ ហើយស៊ុណ្ណះរៀងរាល់ដើរកាត់ជ្រុងជិតថ្មខ្មៅសូត្រទូអាថា៖

رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً وَفِي الآخِرَةِ حَسَنَةً وَقِنَا عَذَابَ النَّارِ

رواه أبو داوود وحسنه الألباني في صحيح أبي داوود (1666).

-ចូរជ្រាបថា « គ្មានទូអាណាមួយដែលកំណត់ឲ្យសូត្រពេលកំពុងដើរតវ៉ាហ្វ មិនថាជុំទី១ ឬទី២ ឬទីប៉ុន្មានក្តី »។ ដូច្នេះ ការកំណត់ឲ្យសូត្រទូអានៅជុំទី១ ឬទី២ ឬទី៣ ឬផ្សេងៗដូចមានក្នុងគីតាបមួយចំនួន វាជាពិទអះ ហើយការសូត្រទូអាខ្លាំងៗជាក្រុមៗ ដោយសំឡេងតែមួយវាជាពិទអះ ហើយស៊ុណ្ណះពេលតវ៉ាហ្វគឺ សូត្រទូអាអ្វីក៏បាន ស៊ីកៀតអ្វីក៏បាន សូត្រគួរអាន និងផ្សេងៗ ហើយអាចនិយាយគ្នាបានបើចាំបាច់។ ពេលតវ៉ាហ្វចប់ ត្រូវបិទស្មាទាំងពីរឲ្យជិត ហើយដើរតម្រង់ទៅកន្លែងបាតជើងណាហ្ពីអ៊ីព្រហ៊ីម និងសូត្រថា ៖

وَاتَّخِذُوا مِنْ مَقَامِ إِبْرَاهِيمَ مُصَلًّى

ស៊ុណ្ណះ ត្រូវសឡាត២រ៉ក្អាត់នៅពីក្រោយកន្លែងបាតជើងណាហ្ពីអ៊ីព្រហ៊ីមបើសិនជាមានលទ្ធភាព តែបើគ្មានទេ អាចសឡាតនៅកន្លែងណាក៏បានដែរ ដោយសូត្រនៅរ៉ក្អាត់ទី១បន្ទាប់ពីសូត្រហ្វាទីហះសូត្រស៊ូរ៉ោះ قل يا أيها الكافرون រ៉ក្អាត់ទី២សូត្រ قل هو الله أحد បន្ទាប់មកដើរតម្រង់ទៅកន្លែងសាហ្វាត។

ទី៣ ៖ សាអ៊ី (السعي)

ពេលដើរជិតដល់កន្លែងសហ្វាតស៊ុណ្ណះត្រូវសូត្រតែម្តងគត់ប៉ុណ្ណោះថា ៖

إِنَّ الصَّفَا وَالْمَرْوَةَ مِن شَعَآئِرِ الله

បន្ទាប់មកសូត្រថា أَبْدَأُ بِمَا بَدَأَ اللهُ بِهِ រួចឡើងទៅលើកន្លែងសហ្វាតបើមានលទ្ធភាពហើយតម្រង់ទៅកាក់ហ្ពះរួចសូត្រថា ៖ الله أكبر (៣ដង) រួចសូត្រដូចណាហ្ពីបានសូត្រគឺ ៖

اللهُ أكبَرُ، اللهُ أكبَرُ، اللهُ أكبَرُ، ويقول: لا إلهَ إلَّا اللهُ وَحْدَه لا شريكَ له، له المُلْك وله الحَمْدُ ، وهو على كلِّ شيءٍ قديرٍ، لا إلهَ إلَّا اللهُ وحدَه ، أنجَزَ وَعْدَه، ونصَرَ عَبْدَه، وهَزَمَ الأحزابَ وَحْدَه

ពេលឡើងទៅលើកន្លែងសហ្វាត ត្រូវតម្រង់កាក់ហ្ពះដោយលើកដៃ រួចតឹកពៀត៣ដង រួចសូត្រទូអាខាងលើ បន្ទាប់មកទូអានូវអ្វីដែលអ្នកចង់ ធ្វើដូច្នេះចំនួន៣ដងគឺ សូត្រទូអាខាងលើរួចទូអាអ្វីដែលអ្នកចង់។

បន្ទាប់មកចុះពីកន្លែងសហ្វាតដើរទៅកន្លែងម៉ើរវ៉ា ឡើងទៅលើ តម្រង់ទៅកាក់ហ្ពះ លើកដៃទូអាសូត្រដូចអ្វីដែលបានសូត្រនៅកន្លែងសហ្វាតចំនួន៣ដង។ ពេលដើរទៅវិញទៅមក «រវាងសហ្វាតនិងម៉ើរវ៉» គឺមានកន្លែងមួយដែលមានពណ៌ខៀវ ស៊ុណ្ណះចូរអ្នករត់លឿននៅចន្លោះពន្លឺខៀវនោះដូចក្នុងហាទីស បើសិនជាមានលទ្ធភាព តែបើសិនជាអ្នកមានប្រពន្ធអមជាមួយ ឬបីកូនជាដើម មិនចាំបាច់រត់ឡើយ គឺដើរធម្មតា។

ثبت أن النبي صلى الله عليه وسلم سعى بين الصفا والمروة وهو يقول : (لا يُقطع الأبطح إلا شَدًّا) أي : إلا عَدْواً . رواه ابن ماجه وصححه الألباني في صحيح ابن ماجه (2419) .

សាអ៊ីគឺ ត្រូវដើរ៧ជុំ ចាប់ផ្តើមពីសហ្វាត បញ្ចប់ដោយម៉ើរវ៉ា ពេលដើរពីសហ្វាតមកម៉ើរវ៉ា ចាត់ទុកថាជុំទី១​ ហើយពីម៉ើរវ៉ាមកសហ្វាតចាត់ទុកថាជុំទី២ ។ នៅចន្លោះពេលកំពុងដើរសាអ៊ី « អ្នកអាចសូត្រស៊ីកៀត ទូអា សូត្រគួរអាន និងផ្សេងៗ» ។

ការដើរសាអ៊ីទៅវិញទៅមក៧ជុំ មិនតម្រូវឲ្យមានទឹកសំប៉ះយុំាងឡើយ។ ពេលកំពុងដើរសាអ៊ីពីសហ្វាតទៅម៉ើរវ៉ា​ គ្មានការកំណត់ទូអាណាមួយឡើយ ដូច្នេះ រាល់ការកំណត់ឲ្យសូត្រទូអាណាមួយពេលកំពុងដើរសាអ៊ី វាជាពិទអះ ការសូត្រទូអា ឬស៊ីកៀតជា ក្រុមៗ មានមេដឹកនាំឲ្យសូត្រតាមពីក្រោយ ដោយសំឡេងតែមួយ «វាជាពិទអះ»។

ទី៤ ៖ កោរសក់ ឬកាត់សក់

បើសិនជាអ្នកបានដើរសាអ៊ី៧ជុំរួហើយ វ៉ាជិបគឺ ត្រូវកោរសក់ ​ឬកាត់សក់សំរាប់បុរស។

-​រីឯស្រ្តីវិញគឺ គ្រាន់តែយកសក់របស់នាងមួយថ្នាំងម្រាមដៃកាត់តែប៉ុណ្ណោះ ពីព្រោះ សក់ស្រ្តីជាផ្នែកមួយដែលធ្វើឲ្យនាងស្រស់ស្អាត មិនតម្រូវឲ្យកោរឡើយ។

- តែសំរាប់បុរសវិញ ស៊ុណ្ណះគឺកោរសក់ល្អជាងកាត់ ដូចក្នុងហាទីសមូស្លីមលេខ(១៣០៣) « ណាហ្ពីបានទូអាឲ្យអល់ឡោះអភ័យទោសដល់អ្នកដែលកោរសក់ដល់ទៅ៣ដង រីឯអ្នកដែលកាត់វិញតែ១ដងប៉ុណ្ណោះ »។

-​ការកោរសក់ ឬកាត់សក់ ត្រូវកាត់ឲ្យសព្វលើក្បាល មិនត្រូវកោរឬកាត់កន្លែងខ្លះ ហើយចោលកន្លែងខ្លះនោះទេ។


Spoiler:

ដោយ៖ ស្លេះ ម៉ាត់លី

https://www.youtube.com/watch?v=zDzyJbHfdBs
https://www.youtube.com/watch?v=9EjJvAp7I68
http://binothaimeen.net/content/1393

សេចក្តីណែនាំអំពី របៀបធ្វើហាជី នឹងអ៊ុំរ៉ោះ

របៀបធ្វើអុំរ៉ោះ - ក្រុមហ៊ុន យូណេះ ហាជ្ជី និង អុំរ៉ោះ

About the author

iCenter
សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment

សូមចូលរួមមតិ ឬស្ថាបនាមកកាន់យើង តាមរយៈការសរសេរសារខាងក្រោម! យើងនឹងព្យាយាមឆ្លើយតបឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ សូមអរគុណ!