The owner profile of KamnopIslam

Donate us

Why donate us


015627458 (Math Yousos)
https://pay.ababank.com/HrkEBMvBaX6aMifz8

ផ្នែកតាហ្វសៀរ(បកស្រាយអត្ថន័យគម្ពីរគួរអាន)

The Tafsir Section
Read time: 41 min

ផ្នែកតាហ្វសៀរ(បកស្រាយអត្ថន័យគម្ពីរគួរអាន)

ចម្លើយ ជំពូក អាល់ហ្វាទីហះ( سورة الفاتحة) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។ រាល់ការសរសើរ គឺចំពោះអល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។ ជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់(៣)។ ជាសេ្ដច(គ្រប់គ្រង)នៃថ្ងៃជំនុំជំរះ។ ជាសេ្ដច(គ្រប់គ្រង)នៃថ្ងៃជំនុំជំរះ(បរលោក)។ ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឱ្យជួយ។ សូមទ្រង់មេត្ដាចង្អុលបង្ហាញពួកយើងនូវមាគ៌ាត្រឹមត្រូវផងចុះ។ គឺមាគ៌ារបស់បណ្ដាអ្នកដែលទ្រង់បានប្រទាននៀកម៉ាត់ដល់ពួកគេ ពុំមែនជា(មាគ៌ា)អ្នកដែលត្រូវគេខឹងសម្បា និងពុំមែនជា(មាគ៌ា)ពួកដែលវងេ្វងឡើយ។ (អាល់ហ្វាទីហះ : ១-៧)
បកស្រាយអត្ថន័យ
គេឲ្យឈ្មោះជំពូកនេះថា ជំពូក អាល់ហ្វាទីហះ(ដែលមានន័យថា សេចក្តីផ្តើម) ព្រោះគម្ពីរគួរអានត្រូវបានចាប់ផ្តើមដំបូងនឹងជំពូកនេះ។
១. ﴾ بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ ﴿ : ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់ (ពោលគឺខ្ញុំចាប់ផ្តើមសូត្រគម្ពីរគួរអាននឹងព្រះនាមរបស់អល់ឡោះជាម្ចាស់ ដើម្បីជាការសុំជំនួយពីទ្រង់ និងសុំពរជ័យ(ហ្ពារ៉កាត់)តាមរយៈការរំលឹកពីព្រះនាមរបស់ទ្រង់។
﴾ اللَّه ﴿ (ព្រះអល់ឡោះ) គឺម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ ហើយគេមិនប្រសិទ្ធនាមនេះចំពោះនរណាម្នាក់ក្រៅពីទ្រង់ឡើយ។
﴾ الرَّحْمَٰن ﴿ (ទ្រង់មហាសប្បុរស) ៖ ទ្រង់មហាសប្បុរស មហាមេត្តាករុណា ដែលក្តីមេត្តាករុណារបស់ទ្រង់ គ្របដណ្តប់លើអ្វីៗទាំងអស់។
﴾ الرَّحِيم ﴿ (ទ្រង់មហាអាណិតស្រឡាញ់)៖ គឺទ្រង់មានក្តីមេត្តាករុណាជាពិសេសចំពោះបណ្តាអ្នកមានជំនឿ។
២. ﴾ الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ ﴿ : (រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។) ពោលគឺរាល់ប្រភេទនៃការកោតសរសើរទាំងអស់ ហើយនិងភាពពេញលេញ គឺសម្រាប់អល់ឡោះជាម្ចាស់តែមួយគត់។
៣. ﴾ الرَّحْمَٰنِ الرَّحِيمِ ﴿ : (ជាម្ចាស់មហាសប្បុរស មហាអាណិតស្រឡាញ់) ពោលគឺទ្រង់មានក្តីមេត្តាករុណាដ៏ទូលំទូលាយ និងមានក្តីមេត្តាករុណាជាពិសេសសម្រាប់តែអ្នកមានជំនឿ។
៤. ﴾ مَالِكِ يَوْمِ الدِّينِ ﴿ : (ជាសេ្ដច(គ្រប់គ្រង)នៃថ្ងៃជំនុំជំរះ) ពោលគឺថ្ងៃបរលោក។
៥. ﴾ إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ ﴿ : (ចំពោះទ្រង់តែមួយគត់ដែលពួកយើងគោរពសក្ការៈ ហើយចំពោះទ្រង់តែមួយគត់ដែលពួកយើងសុំឱ្យជួយ។) ពោលគឺពួកយើងគោរពសក្ការៈចំពោះទ្រង់តែមួយគត់ ហើយពួកយើងក៏សុំជំនួយពីទ្រង់តែមួយគត់ដែរ។
៦. ﴾ اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ ﴿ : (សូមទ្រង់មេត្ដាចង្អុលបង្ហាញដល់ពួកយើងនូវមាគ៌ាដ៏ត្រឹមត្រូវផងចុះ។) ពោលគឺចង្អុលបង្ហាញពួកយើងទៅកាន់សាសនាអ៊ីស្លាម និងស៊ុណ្ណះ(មាគ៌ារបស់ព្យាការី)
៧. ﴾ صِرَاطَ الَّذِينَ أَنْعَمْتَ عَلَيْهِمْ غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلَا الضَّالِّينَ ﴿ : (គឺមាគ៌ារបស់បណ្ដាអ្នកដែលទ្រង់បានប្រទានឧបការគុណ(នៀកម៉ាត់)ដល់ពួកគេ ពុំមែនជា(មាគ៌ា)អ្នកដែលត្រូវគេខឹងសម្បាឡើយ ហើយក៏ពុំមែនជា(មាគ៌ា)ពួកដែលវងេ្វងដែរ។) ពោលគឺមាគ៌ារបស់បណ្តាអ្នកសាងអំពើកុសលទាំងឡាយក្នុងចំណោមបណ្តាព្យាការី និងអ្នកដែលដើរតាមពួកគាត់ ពុំមែនជាមាគ៌ាពួកណាសរ៉នី(ពួកគ្រឹស្ទាន) និងពួកយូដានោះទេ។
ក្រោយសូត្រហ្វាទីហះចប់ ត្រូវពោលពាក្យ “آمين” ដែលមានន័យថា “សូមអល់ឡោះជាម្ចាស់ទទួលយកផងចុះ”

ចម្លើយ ជំពូក អាសហ្សាល់ហ្សាឡះ( سورة الزلزلة ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យរញ្ជួយយ៉ាងខ្លាំងក្លា។ ហើយផែនដីបានបពោ្ចញនូវសាកសពទាំងអស់ដែលមាន នៅក្នុងខ្លួនរបស់វា ។ ហើយមនុស្សលោកក៏និយាយថាៈ តើមានរឿងអ្វីកើត ឡើងចំពោះផែនដីនេះ? នៅថ្ងៃនោះ វានឹងប្រកាសប្រាប់នូវរឿងរ៉ាវរបស់វា ពីព្រោះម្ចាស់របស់អ្នកបានបញ្ជាឱ្យវាធ្វើដូច្នោះ។ នៅថ្ងៃនោះដែរ មនុស្សលោកនឹងចេញពីផ្នូរមកទាំងក្រុមៗខុសៗគ្នាដើម្បីទទួលការបង្ហាញឱ្យឃើញនូវអំពើទាំងឡាយរបស់ ពួកគេ។ ដូចេ្នះ អ្នកដែលធ្វើអំពើល្អសូម្បីមានទម្ងន់ប៉ុនលំអងធូលី ក៏គេនឹងឃើញវាដែរ។ ដូចេ្នះ អ្នកដែលធ្វើអំពើល្អសូម្បីមានទម្ងន់ប៉ុនលំអងធូលី ក៏គេនឹងឃើញវាដែរ។ (អាសហ្សាល់ហ្សាឡះ : ១-៨)
បកស្រាយអត្ថន័យ
១. នៅពេលដែលផែនដីត្រូវបានគេធ្វើឲ្យរញ្ជួយយ៉ាងខ្លាំងក្លា ដែលវាជាការកើតឡើងនៃថ្ងៃបរលោក។
២. ហើយផែនដីបានបញ្ចេញនូវសាកសពទាំងឡាយនិងអ្វីផ្សេងទៀតដែលមាននៅក្នុងខ្លួនរបស់វា(ក្នុងផ្ទៃផែនដី)ចេញមកក្រៅ។
៣. ហើយមនុស្សក៏បាននិយាយទាំងងឿងឆ្ងល់ថា តើមានអ្វីកើតឡើងចំពោះផែនដី ទើបបានជាវាញ័ររញ្ជួយបែបនេះ?
នៅក្នុងថ្ងៃដ៏ធំធេងនោះ ផែនដីនឹងប្រាប់ទាំងអស់ពីអ្វីដែលគេបានប្រព្រឹត្តនៅលើវា ទាំងប្រការល្អ និងប្រការអាក្រក់។
៥. ពីព្រោះអល់ឡោះបានឲ្យវាដឹង និងបានបញ្ជាវាឲ្យធ្វើដូច្នេះ។
នៅក្នុងថ្ងៃដ៏ធំធេងដែលផែនដីញ័ររញ្ជួយនោះ មនុស្សលោកនឹងចេញពីកន្លែងជំនុំជម្រះជាក្រុមៗដើម្បីមើលទង្វើទាំងឡាយរបស់ពួកគេដែលពួកគេបានសាងនៅក្នុងលោកិយ។
៧. ដូចនេះ ជនណាហើយដែលបានសាងនូវទង្វើល្អ សូម្បីតែទង្វើនោះមានទម្ងន់ប៉ុនសត្វស្រមោចដ៏តូចមួយក៏ដោយ ក៏គេនឹងបានឃើញវានៅចំពោះមុខគេដែរ។
៨. ហើយ(ក៏ដូចគ្នាដែរ) ជនណាហើយដែលបានសាងនូវទង្វើអាក្រក់ សូម្បីតែទង្វើនោះមានទម្ងន់ប៉ុនសត្វស្រមោចដ៏តូចមួយក៏ដោយ ក៏គេនឹងបានឃើញវានៅចំពោះមុខគេដែរ។

ចម្លើយ ជំពូក អាល់អាទីយ៉ាត ( سورة العاديات ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
អល់ឡោះស្បថនឹងសត្វសេះទាំងឡាយដែលរត់ទាំងដង្ហក់នៅក្នុងសមរភូមិ និងសត្វសេះដែលរត់យ៉ាងលឿនចេញផ្កាភ្លើងតាមក្រចករបស់វា និងសត្វសេះដែលវាបោលសម្រុកទៅខ្មាំងសត្រូវទាំងព្រឹកព្រលឹម ហើយពួកវាធ្វើឱ្យធូលីហុយទ្រលោមនៅចំពោះមុខពួកសត្រូវ ហើយពួកវាសម្រុកចូលទៅកណ្ដាលហ្វូងសត្រូវ ។ ពិតប្រាកដណាស់ មនុស្សលោកគឺរមិលគុណចំពោះម្ចាស់ របស់គេ។ ហើយពិតប្រាកដណាស់ គេគឺជាសាក្សីលើរឿងនោះ ពីព្រោះគេ គឺជាមនុស្សដែលស្រឡាញ់ទ្រព្យសម្បត្ដិយ៉ាង ខ្លាំង។ ដូចេ្នះ តើគេមិនដឹងទេឬថា នៅពេលដែលអ្វីៗនៅក្នុងផ្នូរ ត្រូវគេបពោ្ចញមក(ដើម្បីជំនុំជំរះ)? និងអ្វីដែលមាននៅក្នុងចិត្ដ(របស់មនុស្ស)នឹងត្រូវគេ លាតត្រដាងឱ្យឃើញយ៉ាងច្បាស់នោះ ? ពិតប្រាកដណាស់ នៅថ្ងៃនោះម្ចាស់របស់ពួកគេដឹងបំផុត ចំពោះរឿងរ៉ាវរបស់ពួកគេ។ (អាល់អាទីយ៉ាត : ១-១១)
បកស្រាយអត្ថន័យ
១. អល់ឡោះបានស្បថនឹងសត្វសេះទាំងឡាយដែលរត់ទាំងដង្ហក់យ៉ាងខ្លាំងនៅក្នុងសមរភូមិ។
២. ហើយទ្រង់ស្បថនឹងសត្វសេះដែលរត់យ៉ាងលឿនរហូតចេញផ្កាភ្លើងតាមក្រចករបស់វានៅពេលដែលវាផាយជាន់យ៉ាងខ្លាំងទៅលើដុំថ្ម ។
៣. ហើយទ្រង់ស្បថនឹងសត្វសេះដែលបោលសម្រុកទៅរកខ្មាំងសត្រូវទាំងព្រឹកព្រលឹម
៤. ដោយពួកវាធ្វើឱ្យធូលីប៉ើងហុយទ្រលោមនៅចំពោះមុខសត្រូវ
៥. ហើយពួកវាសម្រុកចូលទៅកណ្ដាលហ្វូងសត្រូវ។
៦. ពិតប្រាកដណាស់ មនុស្សលោកគឺរមិលគុណចំពោះម្ចាស់របស់គេ។
៧. គេនឹងធ្វើជាសាក្សីលើខ្លួនឯងចំពោះការរមិលគុណនេះ។ គេមិនអាចប្រកែកបានឡើយដោយសារវាបានស្តែងចេញមកយ៉ាងច្បាស់។
៨. គេស្រលាញ់ទ្រព្យសម្បត្តិយ៉ាងងប់ងល់ ហើយកំណាញ់នឹងការបរិច្ចាគទ្រព្យសម្បត្តិរបស់គេ។
តើមនុស្សលោកដែលស្រលាញ់ងុបងល់នឹងការរស់នៅលើលោកិយនេះមិនដឹងទេឬថា នៅពេលដែលអល់ឡោះធ្វើឲ្យសាកសពនៅក្នុងផ្នូររស់ឡើងវិញ និងបញ្ចេញពួកគេពីក្នុងដីដើម្បីជំនុំជម្រះ និងទទួលការតបស្នងនោះ រឿងនោះគឺនឹងមិនកើតឡើងដូចអ្វីដែលពួកគេគិតស្រមៃទេនោះ?
១០. គេនឹងលាតត្រដាងនិងបញ្ជាក់នូវអ្វីដែលនៅក្នុងដួងចិត្ត ដូចជាការនៀត(ការប៉ង) គោលជំនឿ និងអ្វីផ្សេងៗទៀត។
ពិតប្រាកដណាស់នៅថ្ងៃនោះ ម្ចាស់របស់ពួកគេដឹងបំផុតចំពោះរឿងរ៉ាវរបស់ពួកគេ។ គ្មានអ្វីអាចលាក់បាំងនឹងទ្រង់បានឡើយនៃកិច្ចការខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ហើយទ្រង់នឹងតបស្នងពួកគេទៅលើអ្វីដែលពួកគេបានប្រព្រឹត្ត។

ចម្លើយ ជំពូក អាល់ករីអះ( سورة القارعة ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
អាល់ករីអះ។ តើអាល់ករីអះជាអ្វី? តើអ្វីដែលធ្វើឱ្យអ្នកដឹងថា អាល់ករីអះជាអ្វីនោះ? គឺជាថ្ងៃដែលមនុស្សលោកប្រៀបដូចជាហ្វូងសត្វមេអំបៅ ដែលហើរប្រសេចប្រសាច។ ហើយភ្នំទាំងឡាយប្រៀបដូចជារោមសត្វដែលត្រូវគេធ្វើឱ្យប៉ើង។ ហើយរីឯអ្នកណាដែលភ្នែកជញ្ជីងរបស់គេធ្ងន់(ខាងអំពើល្អ)នោះ។ គឺគេនឹងស្ថិតក្នុងការរស់នៅប្រកបដោយក្ដីពេញចិត្ដ(នៅ ក្នុងឋានសួគ៌)។ ហើយចំណែកឯអ្នកណាដែលភ្នែកជញ្ជីងរបស់គេស្រាល (ខាងអំពើល្អ)នោះ។ ទីលំនៅរបស់គេ គឺនរកហាវីយ៉ះ(រណ្ដៅនរកដ៏ជ្រៅ) តើអ្វីដែលធ្វើឱ្យអ្នកដឹងថា វាជាអ្វីនោះ? វាគឺជាភ្លើងនរកដ៏សែនក្ដៅ។ (អាល់ករីអះ : ១-១១)
បកស្រាយអត្ថន័យ
១. ពេលវេលាដែលធ្វើឱ្យដូងចិត្តរបស់មនុស្សលោកភ័យញាប់ញ័រដោយសារតែស្ថានភាពដ៏រន្ធត់នៃថ្ងៃនោះ។
២. តើអ្វីទៅជាពេលវេលាដែលធ្វើឲ្យដូងចិត្តរបស់មនុស្សលោកភ័យញាប់ញ័រដោយសារតែស្ថានភាពដ៏រន្ធត់របស់វានោះ?
៣. តើអ្វីដែលធ្វើឱ្យអ្នកដឹងថា អ្វីទៅជាពេលវេលាដែលធ្វើឲ្យដូងចិត្តរបស់មនុស្សលោកភ័យញាប់ញ័រដោយសារតែស្ថានភាពដ៏រន្ធត់របស់វានោះ? ពិតណាស់ វានោះគឺជាថ្ងៃបរលោក។
៤. គឺថ្ងៃដែលដួងចិត្តមនុស្សលោកញាប់ញ័រភ័យរន្ធត់ ប្រៀបដូចជាហ្វូងសត្វមេអំបៅដែលហើរប្រសេចប្រសាចគ្រប់ទីកន្លែង។
៥. ហើយភ្នំទាំងឡាយប្រៀបដូចជារោមសត្វចម្រុះពណ៌ដែលត្រូវគេធ្វើឱ្យប៉ើងរប៉ាត់រប៉ាយ។
៦. រីឯអ្នកដែលទង្វើល្អរបស់គេធ្ងន់ជាងទង្វើអាក្រក់នោះ
៧. រូបគេនឹងស្ថិតនៅក្នុងជីវិតរស់នៅមួយដ៏ជាទីគាប់ចិត្តដែលគេនឹងទទួលបានវានៅក្នុងឋានសួគ៌។
៨. ហើយចំណែកឯជនណាដែលទង្វើអាក្រក់របស់គេធ្ងន់ជាងទង្វើល្អនោះ
៩. ទីលំនៅ និងកន្លែងស្នាក់អាស្រ័យរបស់គេនៅថ្ងៃបរលោកនោះ គឺនៅក្នុងឋាននរកជើហាន់ណាំ។
១០. តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា វាជាអ្វីនោះ?
១១. វាគឺជាភ្លើងនរកដ៏សែនក្តៅបំផុត។

ចម្លើយ ជំពូក អាត់តាកាស៊ួរ( سورة التكاثر ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
ភាពក្រអឺតក្រទមនឹងការមានទ្រព្យសម្បត្ដិច្រើនហើយនិងកូនចៅ បានធ្វើឱ្យពួកអ្នកភេ្លចខ្លួន(ពីការគោរពប្រតិបត្ដិចំពោះអល់ឡោះ) រហូតពួកអ្នកចូលទៅក្នុងផ្នូរ(រហូតអ្នកស្លាប់)។ ទេ. ពួកអ្នកគង់តែនឹងដឹងជាមិនខាន ។ ទេ. បន្ទាប់មកពួកអ្នកគង់តែនឹងដឹង។ ទេ. ប្រសិនបើពួកអ្នកដឹង(ពីលទ្ធផលនៃការភេ្លចខ្លួនរបស់ ពួកអ្នក)ដោយការដឹងយ៉ាងច្បាស់លាស់នោះ(ពួកអ្នកពិតជាមិនធ្វើ ដូច្នោះឡើយ)។ ជាការពិតណាស់ ពួកអ្នកនឹងឃើញនរកជើហ៊ីមជាមិនខាន។ បន្ទាប់មក ពួកអ្នកពិតជានឹងឃើញវាយ៉ាងច្បាស់នឹងភ្នែក។ ក្រោយមក ពួកអ្នកនឹងត្រូវគេសួរនៅថ្ងៃនោះអំពីឧបការគុណ(នៀកម៉ាត់)ដែលទ្រង់បានប្រទានឱ្យពួកអ្នក។ (អាត់តាកាស៊ួរ : ១-៨)
បកស្រាយអត្ថន័យ
១. ការមានមោទនភាពនឹងទ្រព្យសម្បត្តិនិងកូនចៅច្រើន បានធ្វើឱ្យពួកអ្នក(ឱមនុស្សលោក)ភ្លេចពីការគោរពប្រតិបត្តិចំពោះអល់ឡោះ
២. រហូតដល់ពួកអ្នកស្លាប់ ហើយបានចូលទៅក្នុងផ្នូររបស់ពួកអ្នក។
៣. អ្វីដែលនាំឱ្យពួកអ្នកមានមោទនភាពរហូតដល់នាំឱ្យពួកអ្នកភ្លេចពីការគោរពប្រតិបត្តិចំពោះអល់ឡោះនោះ ពួកអ្នកគង់តែនឹងដឹងជាមិនខាននូវលទ្ធផលចុងក្រោយនៃការធ្វើបែបនោះ។
៤. បន្ទាប់មក ពួកអ្នកគង់តែនឹងដឹងជាមិនខាននូវលទ្ធផលចុងក្រោយរបស់វា។
៥. ជាការពិត ប្រសិនបើពួកអ្នកដឹងច្បាស់ថា ពួកអ្នកនឹងត្រូវគេពង្រស់ឱ្យរស់ឡើងវិញត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់ ហើយទ្រង់នឹងតបស្នងទៅលើទង្វើរបស់ពួកអ្នកនោះ ពួកអ្នកពិតជានឹងមិនជាប់រវល់នឹងការមានមោទនភាព(ចំពោះគ្នា)ពីរឿងទ្រព្យសម្បត្តិនិងរឿងកូនចៅឡើយ។
៦. ជាការពិតណាស់ អល់ឡោះពិតជានឹងឱ្យពួកអ្នកឃើញភ្លើងនរកនៅថ្ងៃបរលោកជាមិនខាន។
៧. បន្ទាប់មក ពួកអ្នកពិតជានឹងឃើញវា(ភ្លើងនរក)យ៉ាងច្បាស់ផ្ទាល់នឹងភ្នែកដោយគ្មានការសង្ស័យឡើយ។
៨. ក្រោយមក នៅថ្ងៃនោះ អល់ឡោះជាម្ចាស់នឹងសួរពួកអ្នកអំពីរាល់ឧបការគុណទាំងឡាយដែលទ្រង់ប្រទានឱ្យពួកអ្នក ដូចជាសុខភាពល្អ ទ្រព្យសម្បត្តិស្តុកស្តម្ភ និងប្រការផ្សេងៗទៀត។

ចម្លើយ ជំពូក អាល់អើស( سورة العصر ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
អល់ឡោះស្បថនឹងពេលវេលា។ ពិតប្រាកដណាស់ មនុស្សលោកគឺស្ថិតកុ្នងភាពខាតបង់។ លើកលែងតែបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើ ល្អត្រឹមត្រូវ និងបានផ្ដែផ្ដាំគ្នាឱ្យប្រកាន់ខ្ជាប់នូវការពិត និងបានផ្ដែផ្ដាំ គ្នាឱ្យមានការអត់ធ្មត់ប៉ុណ្ណោះ។ (អាល់អាសរ៍ : ១-៣)
បកស្រាយអត្ថន័យ
១. អល់ឡោះជាម្ចាស់ទ្រង់ស្បថនឹងពេលវេលា។
២. មនុស្សលោកទាំងអស់ស្ថិតក្នុងភាពខាតបង់ និងភាពអន្តរាយ។
៣. លើកលែងតែជនណាដែលមានជំនឿ និងបានសាងទង្វើកុសល ហើយព្រមជាមួយគ្នានេះ ពួកគេបានអំពាវនាវ(មនុស្ស)ទៅកាន់ផ្លូវពិត ហើយពួកគេមានការអត់ធ្មត់លើវាប៉ុណ្ណោះ។ ពិតណាស់ អ្នកទាំងនោះហើយដែលជាអ្នកទទួលបានជោគជ័យចាកផុតពីការខាតបង់នោះ។

ចម្លើយ ជំពូក អាល់ហ៊ូម៉ាហ្សះ( سورة الهمزة ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
វិនាសអន្ដរាយហើយចំពោះអ្នកនិយាយមួលបង្កាច់ និង អ្នកនិយាយដើមគេ។ គឺជាអ្នកដែលបានប្រមូលទ្រព្យសម្បត្ដិនិងរាប់ចំនួនរបស់វា ដោយគេគិតថា ទ្រព្យសម្បត្ដិរបស់គេពិតជាធ្វើឱ្យគេនៅ គង់វង្សជារៀងហូត។ មិនដូច្នោះទេ. ការពិតគេនឹងត្រូវគេបោះបញ្ចូលទៅក្នុង ហ៊ូ ត ម៉ះ។ តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ហ៊ូត៏ម៉ះ ជាអ្វីនោះ? គឺជាភ្លើងរបស់អល់ឡោះដែលបានបង្កាត់ទុក(នៅក្នុង នរក) ដែលវាឆាបឆេះរាលដល់បេះដូង។ ពិតប្រាកដណាស់ នរកនោះត្រូវបានបិទជិត ដើម្បីកុំឱ្យ ពួកគេចេញ។ ត្រូវបានចងភ្ជាប់នឹងសសរដ៏វែង។ (អាល់ហ៊ូម៉ាហ្សះ : ១-៩)
បកស្រាយអត្ថន័យ
១. ក្តីវិនាស និងទណ្ឌកម្មយ៉ាងខ្លាំងក្លាចំពោះអ្នកដែលចូលចិត្តនិយាយដើម និងមួលបង្កាច់អ្នកដទៃ។
២. ជាអ្នកដែលគោលបំណងសំខាន់របស់គេ គឺការប្រមូលទ្រព្យសម្បត្ដិនិងរាប់ចំនួនរបស់វា។ គេគ្មានគោលបំណងអ្វីផ្សេងពីនោះឡើយ។
៣. ដោយគេគិតស្មានថា ទ្រព្យសម្បត្ដិរបស់គេដែលគេខំប្រមូលនោះ នឹងអាចធ្វើឱ្យរូបគេគេចផុតពីសេចក្តីស្លាប់បាន។ ដូច្នេះ គេនឹងអាចរស់នៅជាអមតៈនៅលើលោកិយនេះ។
៤. រឿងនោះមិនដូចអ្វីដែលជនល្ងង់ខ្លៅនេះគិតនោះទេ។ តាមពិត រូបគេនឹងត្រូវគេបោះទៅក្នុងភ្លើងនរកជើហាន់ណាំដែលវានឹងបំផ្លាញ និងកម្ទេចទាំងអស់រាល់អ្វីដែលគេបោះចូលទៅក្នុងវា ដោយសារតែកម្តៅដ៏សែនក្តៅបំផុតរបស់វា។
៥. តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា ភ្លើងនរកដែលបំផ្លាញរាល់អ្វីទាំងអស់ដែលគេបោះចូលទៅក្នុងវានោះជាអ្វី?
៦. គឺជាភ្លើងរបស់អល់ឡោះដែលត្រូវបានគេបង្កាត់ឆេះយ៉ាងសន្ធោសន្ធៅ
៧. ដែលវានឹងឆាបឆេះរោលរាលពេញខ្លួនប្រាណរបស់មនុស្ស រហូតដល់បេះដូងរបស់ពួកគេ។
៨. ជាការពិតណាស់ នរកនោះត្រូវបានបិទជិតដើម្បីកុំឱ្យពួកដែលត្រូវទណ្ឌកម្មរត់ចេញ។
៩. ពួកគេត្រូវបានគេចងភ្ជាប់នឹងសសរដ៏វែងដើម្បីកុំឱ្យពួកគេអាចចេញរួច។

ចម្លើយ ជំពូក អាល់ហ្វ៊ីល( سورة الفيل ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬថា ម្ចាស់របស់អ្នក បានធ្វើទៅលើក្រុមទ័ពដំរីយ៉ាងដូចមេ្ដច ? តើទ្រង់មិនបានធ្វើឱ្យឧបាយកលអាក្រក់របស់ពួកគេវងេ្វង (បរាជ័យ)ទេឬ ? ហើយទ្រង់បានបញ្ជូនបក្សីទាំងហ្វូងៗទៅប្រយុទ្ធតទល់ នឹងពួកគេ។ ពួកវាទម្លាក់ទៅលើពួកគេដោយដុំថ្មស៊ីចជ្ជីល(ដែលមកពី ភ្លើងនរក)។ រួចមកទ្រង់បានធ្វើឱ្យពួកគេប្រៀបដូចជាស្លឹកឈើដែលត្រូវ ដង្កូវស៊ី។ (អាល់ហ៊្វីល : ១-៥)
បកស្រាយអត្ថន័យ
១. តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងទេឬថា តើម្ចាស់របស់អ្នកបានធ្វើយ៉ាងដូចម្តេចទៅលើអាប់រ៉ហះ និងក្រុមរបស់គេដែលជាទ័ពដំរី នៅពេលដែលពួកគេមានបំណងចង់កម្ទេចកាក់ហ្ពះនោះ?
២. ពិតណាស់ អល់ឡោះបានធ្វើឱ្យឧបាយកលដ៏អាក្រក់របស់ពួកគេដែលចង់កម្ទេចកាក់ហ្ពះនោះទទួលបរាជ័យ។ ដូចនេះ ពួកគេមិនទទួលបាននូវអ្វីដែលពួកគេប៉ងប្រាថ្នាដែលចង់បង្វែរមនុស្សឲ្យបែរចេញពីកាក់ហ្ពះនោះទេ ហើយពួកគេក៏មិនទទួលបានអ្វីសូម្បីតែបន្តិចនោះដែរ។
៣. ហើយទ្រង់បានបញ្ជូនបក្សីទាំងហ្វូងៗទៅកាន់ពួកគេ
៤. ដោយពួកវាទម្លាក់ដុំថ្មធ្វើពីដីឥដ្ឋដែលគេដុតនៅក្នុងភ្លើងនរកទៅលើពួកគេ។
៥. ពិតណាស់ អល់ឡោះបានធ្វើឱ្យពួកគេ(វិនាសអន្តរាយ)ដូចជាស្លឹកឈើដែលត្រូវសត្វស៊ីដាច់ខ្ទេចខ្ទីដូច្នោះដែរ។

ចម្លើយ ជំពូក គូរ៉័ស្ហ( سورة قريش ) និងអត្ថន័យរបស់វា។
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
ជាទម្លាប់នៃកុលសម្ព័ន្ធគូរ៉ស្ហ ទម្លាប់របស់ពួកគេគឺការធ្វើដំណើរនៅរដូវរងារ(ដើម្បីធ្វើ ជំនួញនៅប្រទេសយ៉េមែន) និង(នៅប្រទេសស្ហាម)នៅរដូវក្ដៅ។ ដូចេ្នះ ចូរឱ្យពួកគេគោរពសក្ការៈចំពោះម្ចាស់គ្រប់គ្រង កាក់ហ្ពះនេះចុះ។ គឺទ្រង់ជាអ្នកដែលបានផ្ដល់ចំណីអាហារដល់ពួកគេ ដើម្បី បំបាត់នូវការសេ្រកឃ្លាន និងផ្ដល់សន្ដិភាពដល់ពួកគេឱ្យចៀសផុត ពីការភ័យខ្លាច។ (គូរ៉័ស្ហ : ១-៤)
បកស្រាយអត្ថន័យ
១. ជាទម្លាប់នៃកុលសម្ព័ន្ធគូរ៉័ស្ហ
២. ទម្លាប់របស់ពួកគេនោះ គឺការធ្វើដំណើរជួញដូរក្នុងរដូវរងារនៅកាន់ប្រទេសយេមែន និងធ្វើដំណើរជួញដូរក្នុងរដូវក្ដៅនៅកាន់តំបន់ស្ហាម ប្រកបដោយសុវត្ថិភាព។
៣. ដូច្នេះ ចូរឱ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះដែលជាម្ចាស់គ្រប់គ្រងគេហដ្ឋានដ៏ពិសិដ្ឋ(កាក់ហ្ពះ)តែមួយគត់ ដែលទ្រង់បានផ្តល់ភាពងាយស្រួលដល់ពួកគេក្នុងការធ្វើដំណើរជួញដូរ ហើយពួកគេមិនត្រូវធ្វើស្ហ៊ីរិក(គោរពព្រះផ្សេង)ជាមួយនឹងទ្រង់ឡើយ។
៤. ព្រោះទ្រង់ជាអ្នកដែលផ្ដល់ចំណីអាហារដល់ពួកគេដើម្បីបំបាត់ភាពសេ្រកឃ្លាន និងផ្ដល់សន្ដិភាពដល់ពួកគេឱ្យចៀសផុតពីការភ័យខ្លាច ត្បិតអល់ឡោះបានដាក់នៅក្នុងដួងចិត្តរបស់ពួកអារ៉ាប់នូវការលើកតម្កើងទឹកដីពិសិដ្ឋនេះ និងអ្នកដែលរស់នៅក្នុងវា។

ចម្លើយ ជំពូក អាល់ម៉ាអ៊ូន( سورة الماعون ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
តើអ្នក(មូហាំម៉ាត់)បានឃើញបុគ្គលដែលបដិសេធនឹងថ្ងៃ ជំនុំជំរះដែរឬទេ ? នោះហើយគឺជាបុគ្គលដែលបោះបង់កូនកំព្រា។ ហើយមិនជំរុញគ្នាឱ្យផ្ដល់ចំណីអាហារដល់អ្នកក្រីក្រឡើយ ដូចេ្នះ ភាពវិនាសអន្ដរាយ គឺសម្រាប់ពួកដែលសឡាត ដែលពួកគេព្រងើយកន្ដើយចំពោះការសឡាតរបស់ពួកគេ។ ពួកគេគឺជាពួកដែលសាងអំពើល្អដើម្បីចង់បង្ហាញឱ្យគេ ឃើញតែប៉ុណ្ណោះ។ ហើយពួកគេមិនឱ្យទ្រព្យគេខ្ចីឡើយ សូម្បីតែបន្ដិចបន្ដួចក៏ដោយ។ (អាល់ម៉ាអ៊ូន : ១-៧)
បកស្រាយអត្ថន័យ
១. តើអ្នកបានស្គាល់បុគ្គលដែលបដិសេធនឹងការទទួលបានការតបស្នងនៅថ្ងៃបរលោកដែរឬទេ?
២. គឺបុគ្គលដែលរំលោភបំពានសិទ្ធិក្មេងកំព្រា(កំព្រាឪពុក)យ៉ាងខ្លាំងក្លា
៣. ហើយមិនជំរុញខ្លួនឯងនិងអ្នកដទៃឱ្យបរិច្ចាគចំណីអាហារដល់អ្នកក្រីក្រឡើយ។
៤. ដូច្នេះ ភាពវិនាសអន្ដរាយនិងទណ្ឌកម្ម គឺសម្រាប់អ្នកសឡាតទាំងឡាយណា
៥. ដែលពួកគេព្រងើយកន្ដើយចំពោះការសឡាតរបស់ពួកគេ។ ពួកគេមិនយកចិត្តទុកដាក់លើការសឡាតនោះឡើយ រហូតដល់ផុតពេលវេលារបស់វា។
៦. ពួកគេគឺជាពួកដែលប្រតិបត្តិសឡាត និងសាងអំពើល្អផ្សេងៗដើម្បីគ្រាន់តែចង់បង្ហាញឱ្យគេឃើញតែប៉ុណ្ណោះ។ ពួកគេមិនបានធ្វើវាដោយចិត្តស្មោះសចំពោះអល់ឡោះឡើយ។
៧. ហើយពួកគេមិនជួយដល់អ្នកដទៃឡើយ បើទោះបីជាការជួយនោះមិនបានផ្តល់ផលប៉ះពាល់ដល់រូបគេក៏ដោយ។

ចម្លើយ ជំពូក អាល់កាវសើរ( سورة الكوثر ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
ពិតប្រាកដណាស់ យើងបានប្រទានឱ្យអ្នក(មូហាំម៉ាត់) នូវអាល់កាវសើរ(ទនេ្លមួយនៅក្នុងឋានសួគ៌)។ ដូចេ្នះ ចូរអ្នកសឡាត និងសំឡេះសត្វដើម្បីម្ចាស់របស់អ្នក ចុះ។ ពិតប្រាកដណាស់ អ្នកដែលស្អប់ខ្ពើមអ្នក(មូហាំម៉ាត់) គេ នឹងត្រូវកាត់ផ្ដាច់ពីផលល្អ(ទាំងនៅក្នុងលោកិយ និងបរលោក)(អាល់កាវសើរ : ១-៣)
បកស្រាយអត្ថន័យ
១. ពិតប្រាកដណាស់ យើងបានប្រទានឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវប្រការល្អជាច្រើន ក្នុងនោះ គឺទន្លេមួយនៅក្នុងឋានសួគ៌ដែលមានឈ្មោះថា អាល់កាវសើរ។
២. ហេតុនេះ ចូរអ្នកថ្លែងអំណរគុណអល់ឡោះចំពោះឧបការគុណនេះ ដោយអ្នកត្រូវប្រតិបត្តិសឡាតចំពោះអល់ឡោះ និងសម្លេះសត្វដើម្បីម្ចាស់របស់អ្នកតែមួយគត់ ខុសពីអ្វីដែលពួកមុស្ហរីគីន(ពួកពហុទេពនិយម)បានធ្វើ ដោយពួកគេបញ្ជិតខ្លួនទៅកាន់រូបបដិមារបស់ពួកគេដោយសារសម្លេះសត្វនោះ។
៣. ពិតប្រាកដណាស់ អ្នកដែលខឹងសម្បារនឹងអ្នកនោះ គឺជាបុគ្គលដែលត្រូវបានគេកាត់ផ្តាច់ពីប្រការល្អទាំងអស់ ជាអ្នកដែលត្រូវគេបំភ្លេចមិននឹកនានោះឡើយ ហើយបើទោះបីជាគេរំលឹកពីពួកគេ ក៏គេរំលឹកតែពីរឿងអាក្រក់របស់គេដែរ។

ចម្លើយ ជំពូក អាល់កាហ្វ៊ីរូន( سورة الكافرون ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱពួកដែលប្រឆាំង. ខ្ញុំមិនគោរពសក្ការៈចំពោះអ្វីដែលពួកអ្នកគោរពសក្ការៈ នោះឡើយ។ ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំគោរពសក្ការៈនោះដែរ។ ហើយខ្ញុំមិនមែនជាអ្នកដែលគោរពសក្ការៈចំពោះអ្វីដែល ពួកអ្នកបានគោរពសក្ការៈនោះឡើយ។ ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំគោរពសក្ការៈនោះដែរ។ សម្រាប់ពួកអ្នកគឺសាសនារបស់ពួកអ្នក ហើយសម្រាប់ខ្ញុំ គឺសាសនារបស់ខ្ញុំ។ (អាល់កាហ្វ៊ីរូន : ១-៦)
បកស្រាយអត្ថន័យ
១. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ នែពួកដែលប្រឆាំងនឹងអល់ឡោះ!
២. ខ្ញុំមិនគោរពសក្ការៈចំពោះរូបបដិមាដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះឡើយ មិនថាពេលនេះ ឬពេលខាងមុខនោះទេ។
៣. ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំកំពុងតែគោរពសក្ការៈនោះដែរ គឺ(ការគោរពសក្ការៈ)អល់ឡោះតែមួយគត់។
៤. ហើយខ្ញុំក៏មិនគោរពសក្ការៈចំពោះរូបបដិមាដែលពួកអ្នកកំពុងតែគោរពសក្ការៈនោះដែរ។
៥. ហើយពួកអ្នកក៏មិនមែនជាអ្នកគោរពសក្ការៈចំពោះអ្វីដែលខ្ញុំកំពុងតែគោរពសក្ការៈនោះដែរ គឺ(ការគោរពសក្ការៈ)អល់ឡោះតែមួយគត់។
៦. សម្រាប់ពួកអ្នក គឺសាសនារបស់ពួកអ្នកដែលពួកអ្នកបង្កើតឡើងថ្មីដោយខ្លួនពួកអ្នកផ្ទាល់។ តែសម្រាប់ខ្ញុំវិញ គឺសាសនាដែលអល់ឡោះទ្រង់បានបញ្ចុះមកឱ្យខ្ញុំ។

ចម្លើយ ជំពូក អាន់ណើសរ៍( سورة النصر ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
នៅពេលដែលជំនួយរបស់អល់ឡោះ និងជ័យជម្នះបានមកដល់(ការរំដោះទីក្រុងម៉ាក្កះ) ពេលនោះ អ្នកនឹងឃើញមនុស្សម្នាចូលសាសនារបស់អល់ឡោះទាំងក្រុមៗ។ ដូចេ្នះ ចូរអ្នកលើកតម្កើងដោយការសរសើរទៅចំពោះ ម្ចាស់របស់អ្នក និងសុំអភ័យទោសពីទ្រង់។ ពិតប្រាកដណាស់ ទ្រង់ គឺជាអ្នកដែលទទួលយកការសុំអភ័យទោសបំផុត។ (អាល់ណើសរ៍ : ១-៣)
បកស្រាយអត្ថន័យ
នៅពេលដែលជំនួយរបស់អល់ឡោះចំពោះសាសនារបស់អ្នក(ឱព្យាការីមូហាំម៉ាត់) ការផ្តល់ភាពខ្លាំងក្លារបស់ទ្រង់ដល់វា(សាសនាអ៊ីស្លាម) និងការទទួលបានជ័យជម្នះដោយការរំដោះបានទីក្រុងម៉ាក្កះបានមកដល់
ហើយអ្នកនឹងបានឃើញមនុស្សចូលសាសនាអ៊ីស្លាមទាំងក្រុមៗនោះ
ពេលនោះ ចូរអ្នកដឹងចុះថា ជាការពិតណាស់ ទាំងនេះគឺជាសញ្ញាបញ្ជាក់ថា តួនាទីរបស់អ្នកដែលគេបានចាត់តាំងអ្នកមកនោះ ជិតដល់ទីបញ្ចប់ហើយ។ ដូចេ្នះ ចូរអ្នកលើកតម្កើងដោយការកោតសរសើរទៅចំពោះម្ចាស់របស់អ្នក ជាការថ្លែងអំណរគុណចំពោះទ្រង់លើឧបការគុណនៃការផ្តល់ជំនួយ និងការរំដោះបានទីក្រុងម៉ាក្កះនេះ ហើយចូរអ្នកសុំអភ័យទោសពីទ្រង់ចុះ។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលទទួលយកការសារភាពកំហុសបំផុតពីបណ្តាខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ហើយទ្រង់អភ័យទោសដល់ពួកគេ។

ចម្លើយ ជំពូក អាល់ម៉ាសាត់( سورة المسد ) និងអត្ថន័យរបស់វា៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
ដៃទាំងពីរ(ទង្វើ)របស់អាពូឡាហាប់បានវិនាសអន្ដរាយ ហើយគេក៏វិនាសអន្ដរាយ។ ទ្រព្យសម្បត្ដិរបស់គេនិងអ្វីៗដែលគេបានសាងកន្លងមក មិនបានផ្ដល់ផលប្រយោជន៍ដល់គេឡើយ។ គេនឹងចូលទៅក្នុងនរកដែលមានអណ្ដាតភ្លើងដ៏សន្ធោ សន្ធៅ។ ហើយភរិយារបស់គេដែលជាអ្នកយកបន្លា(រាយលើផ្លូវ ដើម្បីធ្វើបាបមូហាំម៉ាត់)ក៏ដូច្នោះដែរ។ នៅនឹងករបស់នាងមានខ្សែច្រវ៉ាក់ភ្លើង។ (អាល់ម៉ាសាត់ : ១-៥)
បកស្រាយអត្ថន័យ
១. ដៃទាំងពីររបស់ឪពុកមាព្យាការីមូហាំម៉ាត់ គឺអាពូឡាហាប់ដែលជាកូនប្រុសរបស់អាប់ទុលមុតល់ឡឹប គឺបានវិនាសអន្តរាយហើយ ដោយសារតែទង្វើរបស់គេ ខណៈដែលគេធ្វើទុកបុកម្នេញទៅលើព្យាការីមូហាំម៉ាត់នោះ ហើយការព្យាយាមរបស់គេ ក៏គ្មានបានផលអ្វីដែរ។
២. តើអ្វីមួយដែលអាចផ្តល់ផលប្រយោជន៍ដល់រូបគេនោះ? ទ្រព្យសម្បត្តិ និងកូនចៅរបស់គេ? វាទាំងពីរនេះ មិនអាចការពាររូបគេពីទណ្ឌកម្មបានឡើយ ហើយវាទាំងពីរ(ទ្រព្យសម្បត្តិនិងកូនចៅរបស់គេ) ក៏មិនអាចធ្វើឱ្យរូបគេទទួលបាននូវក្តីមេត្តាករុណា(ពីអល់ឡោះ)នោះដែរ។
៣. រូបគេនឹងចូលទៅក្នុងនរកដែលមានអណ្ដាតភ្លើងដ៏សន្ធោសន្ធៅនៅថ្ងៃបរលោក ដោយគេនឹងទទួលរងនូវកម្តៅដ៏ក្តៅរបស់វា។
៤. ហើយប្រពន្ធរបស់គេ គឺអ៊ុមមូជើមីល ដែលជាអ្នកយកបន្លារាយលើផ្លូវដើររបស់ព្យាការីមូហាំម៉ាត់ដើម្បីធ្វើបាបគាត់នោះ ក៏នឹងចូលទៅក្នុងនរកដែលមានអណ្ដាតភ្លើងដ៏សន្ធោសន្ធៅនោះដូចគ្នាដែរ។
៥. នៅនឹងករបស់នាង មានខ្សែច្រវាក់សម្រាប់អូសនាងចូលទៅក្នុងឋាននរក។

ចម្លើយ ជំពូក អាល់អៀខ្លើស( سورة الإخلاص ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អល់ឡោះគឺជាម្ចាស់តែមួយគត់។ អល់ឡោះ គឺជាអ្នកដែលត្រូវគេពឹងពាក់ ។ ទ្រង់មិនបានប្រសូតបុត្រឡើយ ហើយទ្រង់ក៏មិនត្រូវគេ ប្រសូតដែរ ។ ហើយគ្មាននរណាម្នាក់ប្រៀបប្រដូចនឹងទ្រង់ឡើយ។ (អាល់អៀខ្លើស : ១-៤)
បកស្រាយអត្ថន័យ
១. ចូរអ្នកពោលចុះ ឱអ្នកនាំសារមូហាំម៉ាត់ អល់ឡោះគឺជាព្រះជាម្ចាស់តែមួយគត់ គ្មានព្រះជាម្ចាស់ណាក្រៅពីទ្រង់ឡើយ។
២. តម្រូវការនៃភាវៈទាំងអស់(ដែលទ្រង់បង្កើត) គឺឆ្ពោះទៅកាន់ទ្រង់(ទ្រង់ជាអ្នកបំពេញនូវតម្រូវការទាំងនោះ)
៣. អល់ឡោះជាម្ចាស់ទ្រង់ពុំមានបុត្រនោះទេ ហើយទ្រង់ក៏ពុំមានឪពុកម្តាយ(ជាអ្នកបង្កើត)នោះដែរ។
៤. ហើយក៏គ្មានភាវៈរបស់ទ្រង់ណាមួយអាចប្រៀបប្រដូចនឹងទ្រង់បានឡើយ។

ចម្លើយ ជំពូក អាល់ហ្វាឡឹក( سورة الفلق ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំសុំពីម្ចាស់គ្រប់គ្រងពេល ទៀបភ្លឺឱ្យបញ្ចៀស ។ អំពីប្រការអាក្រក់ទាំងឡាយដែលទ្រង់បានបង្កើតមក។ និងអំពីប្រការអាក្រក់នៃពេលយប់នៅពេលដែលភាព ងងឹតបានមកដល់។ និងអំពីប្រការអាក្រក់របស់ពួកស្ដ្រីមន្ដអាគមដែលសូត្រ ផ្លុំមន្ដអាគមទៅក្នុងខ្សែចំណង។ ហើយនិងអំពីប្រការអាក្រក់របស់អ្នកច្រណែនឈ្នានីស នៅពេលដែលគេច្រណែនឈ្នានីស។ (អាល់ហ្វាឡឹក : ១-៥)
បកស្រាយអត្ថន័យ
១. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំសុំការការពារពីព្រះជាម្ចាស់នៃពេលទៀបភ្លឺ និងសុំការបញ្ចៀសពីទ្រង់
២. (សូមទ្រង់ការពារនិងបញ្ចៀស)ពីប្រការអាក្រក់ដែលកើតចេញពីភាវៈ(ម៉ាខ្លូក)ទាំងឡាយដែលផ្តល់គ្រោះថ្នាក់
៣. ហើយខ្ញុំសុំការការពារពីអល់ឡោះជាម្ចាស់អំពីប្រការអាក្រក់ដែលលេចឡើងនៅពេលយប់ ដូចជាសត្វសាហាវ និងចោរ។
៤. ហើយខ្ញុំសុំការការពារពីអល់ឡោះជាម្ចាស់អំពីប្រការអាក្រក់នៃពួកគ្រូធ្មប់ទាំងឡាយដែលពួកគេបានផ្លុំទៅក្នុងខ្សែចំណងរបស់ពួកគេ។
៥. ហើយខ្ញុំក៏សុំការការពារពីអល់ឡោះជាម្ចាស់ផងដែរអំពីប្រការអាក្រក់របស់អ្នកដែលច្រណែនឈ្នានីស នៅពេលដែលគេបានច្រណែនឈ្នានីសពួកគេចំពោះឧបការគុណ(នៀកម៉ាត់)ទាងឡាយដែលអល់ឡោះជាម្ចាស់បានប្រទានឲ្យពួកគេ ដោយគេ(អ្នកដែលច្រណែនឈ្នានីស)ចង់ឲ្យឧបការគុណដែលពួកគេទទួលបាន បាត់បង់អំពីពួកគេ ហើយផ្តល់គ្រោះថ្នាក់ដល់ពួកគេ។

ចម្លើយ ជំពូក អាន់ណាស( سورة الناس ) និងអត្ថន័យរបស់វា ៖
ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។
ខ្ញុំសុំពីម្ចាស់នៃមនុស្សលោក ដែលជាសេ្ដចគ្រប់គ្រងមនុស្សលោក ជាម្ចាស់នៃមនុស្សលោក ឱ្យបញ្ចៀសពីប្រការអាក្រក់នៃការញុះញង់របស់ពួកស្ហៃតន ដែលវាញុះញង់នៅក្នុងចិត្ដមនុស្សលោក។ (ស្ហៃតននោះ)មកអំពីជិន និងមនុស្សលោក។ (អាន់ណាស : ១-៦)
បកស្រាយអត្ថន័យ
១. ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ខ្ញុំសុំការការពារពីព្រះជាម្ចាស់នៃមនុស្សលោក និងសុំការបញ្ចៀសពីទ្រង់
២. ជាស្តេចគ្រប់គ្រងមនុស្សលោក ដោយទ្រង់ចាត់ចែងចំពោះពួកគេនូវអ្វីដែលទ្រង់មានចេតនា ដោយគ្មានអ្នកគ្រប់គ្រងណាសម្រាប់ពួកគេក្រៅពីទ្រង់នោះឡើយ។
៣. ជាព្រះដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដរបស់ពួកគេ ដោយគ្មានព្រះជាម្ចាស់ណាដែលពួកគេត្រូវគោរពសក្ការៈដ៏ពិតប្រាកដ ក្រៅពីទ្រង់ឡើយ
៤. (សូមទ្រង់បញ្ចៀស)អំពីប្រការអាក្រក់របស់ពពួកស្ហៃតនដែលតែងតែញុះញង់មនុស្សលោក
៥. ដែលវាញុះញង់នៅក្នុងដួងចិត្តមនុស្សលោក។
៦. អ្នកញុះញង់នោះ អាចមកពីជិន និងអាចមកពីមនុស្ស។

The content is from the book "What Muslim Children Must Know" by Yazan Al-Ghanim, translated by Rowad Translation Center
Association for call and awareness of communities in Rabwah

Getting Info...

About the Author

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment

សូមចូលរួមមតិ ឬស្ថាបនាមកកាន់យើង តាមរយៈការសរសេរសារខាងក្រោម! យើងនឹងព្យាយាមឆ្លើយតបឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ សូមអរគុណ!
Post a Comment
Cookie Consent
We serve cookies on this site to analyze traffic, remember your preferences, and optimize your experience.
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.
Site is Blocked
Sorry! This site is not available in your country.

Comments

Notify