The owner profile of KamnopIslam

Donate us

Why donate us


015627458 (Math Yousos)
https://pay.ababank.com/HrkEBMvBaX6aMifz8

ជំនឿ - Belief

Read time: 7 min

ឈ្មោះព្យាការីរបស់យើង ﷺ

លោកឈ្មោះ មូហាំម៉ាត់ ត្រូវជាកូនរបស់លោក អាប់ទុលឡោះ ត្រូវជាចៅរបស់លោក អាប់ទុលមូតល់ឡឹប និងត្រូវជាចៅទួតរបស់លោក ហាស្ហ៊ឹម ស្ថិតក្នុងកុលសម្ព័ន្ធ “គូរ៉័ស្ហ” ដែលជាពូជពង្សអារ៉ាប់ដែលល្អប្រសើរជាងគេបំផុត។

ជាអ្នកនាំសាររបស់អល់ឡោះជាម្ចាស់ទៅកាន់មនុស្សលោកទាំងអស់

អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនព្យាការីរបស់យើង មូហាំម៉ាត់ ﷺ ទៅកាន់មនុស្សលោកទូទៅ គ្រប់សញ្ជាតិ គ្រប់ជាតិសាសន៍ទាំងអស់ ហើយទ្រង់បានដាក់កាតព្វកិច្ចលើមនុស្សទាំងអស់ត្រូវតែប្រតិបត្តិតាមលោក។ ទ្រង់បានមានបន្ទូលថា៖

“ចូរអ្នក(មូហាំម៉ាត់)ពោលថា៖ ឱមនុស្សលោកទាំងឡាយ! ពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមកកាន់ពួកអ្នកទាំងអស់គ្នា”។

(អាល់អាក់រ៉ហ្វ៖១៥៨)

អល់ឡោះបានបញ្ចុះគម្ពីរគួរអានឲ្យលោក

អល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះទៅឲ្យព្យាការីមូហាំម៉ាត់ ﷺ នូវគម្ពីរដ៏ធំធេងបំផុតរបស់ទ្រង់ គឺគម្ពីរគួរអាន ដែលប្រការមិនពិតមិនអាចមកដល់វា(គម្ពីរគួរអាន)ទាំងនៅពីមុខវា និងពីក្រោយវាបានឡើយ។

ជាព្យាការី និងជាអ្នកនាំសារចុងក្រោយបង្អស់

អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជូនព្យាការីមូហាំម៉ាត់ ﷺ ជាព្យាការីចុងក្រោយគេបង្អស់ក្នុងចំណោមបណ្តាព្យាការីទាំងឡាយ។ ដូចនេះ គ្មានព្យាការីណាម្នាក់បន្ទាប់ពីលោកទៀតឡើយ ដូចដែលទ្រង់បានមានបន្ទូលថា៖

“ក៏ប៉ុន្តែគាត់(ព្យាការីមូហាំម៉ាត់) គឺជាអ្នកនាំសាររបស់អល់ឡោះ និងជាព្យាការីចុងក្រោយគេបង្អស់”។

(អាល់អះហ្សាប៖៤០)
  1. ១. កំណើតរបស់លោក
    ព្យាការីមូហាំម៉ាត់ ﷺ លោកបានប្រសូត្រនៅទីក្រុងម៉ាក្កះក្នុងឆ្នាំដំរី(ឆ្នាំ៥៧១នៃគ.ស)ក្នុងនាមជាក្មេងដែលកំព្រាឳពុក។ លោកបានបាត់បង់ម្តាយតាំងពីលោកនៅក្មេង ដោយលោកស្ថិតក្រោមការចិញ្ចឹមបីបាច់ថែរក្សាពីសំណាក់ជីតារបស់លោកឈ្មោះ អាប់ទុលមូតល់ឡឹប។ បន្ទាប់មកទៀត លោកបន្តស្ថិតនៅក្រោមការចិញ្ចឹមបីបាច់ថែរក្សាពីសំណាក់ឪពុកមារបស់លោកឈ្មោះ អាពូត៏ឡិប ដែលជាអ្នកថែរក្សាការពារលោករហូតមក។
  2. ២. ជីវិតរបស់លោក និងការចម្រើនធំធាត់របស់លោក ﷺ
    ព្យាការីមូហាំម៉ាត់ ﷺ បានរស់នៅក្នុងកុលសម្ព័ន្ធរបស់លោក គឺ កុលសម្ព័ន្ធ “គូរ៉័ស្ហ” អស់រយៈពេល៤០ឆ្នាំមុននឹងលោកក្លាយជាព្យាការី(៥៧១-៦១១ គ.ស)។ នៅក្នុងកុលសម្ព័ន្ធនោះ លោកគឺជាគំរូនៃសីលធម៌ដ៏ឧត្តុង្គឧត្តមបំផុត។ ងាររបស់លោកដែលល្បីសុសសាយក្នុងចំណោមពួកគេគឺ “អ្នកដែលមានភាពសច្ចៈ ស្មោះត្រង់”(الصادق الأمين)។ លោកធ្លាប់ឃ្វាលពពែឲ្យគេ បន្ទាប់មក ជាអ្នករកស៊ីជួញដូរ។ មុននឹងសាសនាឥស្លាមបានមកដល់ ព្យាការី ﷺ គឺជាអ្នកដែលមានគោលជំនឿដ៏បរិសុទ្ធដោយលោកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តាមលំអានរបស់ព្យាការីអ៊ីព្រហ៊ីម ហើយលោកបដិសេធការគោរពសក្ការៈចំពោះរូបបដិមា និងគោលលទ្ធិបដិមាករនិយម។
  3. ៣. ការតែងតាំងលោកជាអ្នកនាំសារ
    ក្រោយពេលដែលព្យាការី ﷺ លោកមានអាយុគម្រប់៤០ឆ្នាំ នៅខណៈពេលដែលលោកកំពុងត្រិះរិះពិចារណា និងគោរពសក្ការៈទៅចំពោះអល់ឡោះជាម្ចាស់ក្នុងរូងភ្នំ “ហ៊ីរ៉ក” ស្ថិតនៅឯភ្នំ “នួរ” ពេលនោះ វ៉ាហ៊ី(រាជសារ)ពីអល់ឡោះជាម្ចាស់បានមកដល់លោក ហើយគម្ពីរគួរអានក៏ត្រូវបានចាប់ផ្តើមបញ្ចុះទៅកាន់លោក។ វាក្យខណ្ឌដំបូងគេបង្អស់នៃនៃគម្ពីរគួរអានដែលទ្រង់បានបញ្ចុះទៅកាន់លោកនោះ គឺ បន្ទូលរបស់អល់ឡោះ៖ اقْرَأْ بِاسْمِ رَبِّكَ الَّذِي خَلَقَ “ចូរអ្នក(មូហាំម៉ាត់)សូត្រក្នុងនាមម្ចាស់របស់អ្នកដែលបានបង្កើត(នូវអ្វីៗទាំងអស់)ចុះ” ដើម្បីជាការប្រកាសឲ្យដឹងថា ការតែងតាំងព្យាការីមូហាំម៉ាត់ជាអ្នកនាំសារនេះ គឺជាការចាប់ផ្តើមនូវសករាជថ្មីនៃចំណេះដឹង ការអាន ពន្លឺ និងការចង្អុលបង្ហាញសម្រាប់មនុស្សលោក។ បន្ទាប់មក គម្ពីរគួរអានត្រូវបានបញ្ចុះមកជាបន្តបន្ទាប់ក្នុងអំឡុងពេលម្ភៃបីឆ្នាំ។
  4. ៤ . ការចាប់ផ្តើមការអំពាវនាវរបស់លោក
    រ៉ស៊ូលុលឡោះ ﷺ លោកបានចាប់ផ្តើមអំពាវនាវមនុស្សទៅកាន់សាសនារបស់អល់ឡោះដោយស្ងៀមស្ងាត់(លាក់បាំង)ចំនួនបីឆ្នាំ។ ក្រោយមក លោកបានអំពាវនាវមនុស្សដោយបើកចំហអស់រយៈពេលដប់ឆ្នាំទៀត។ ក្នុងអំឡុងពេលនោះ ព្យាការី ﷺ និងសហាហ្ពាត់(សហការី មិត្តភក្តិ)របស់លោកបានទទួលរងនូវការគាបសង្កត់ និងការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងក្លាពីសំណាក់កុលសម្ព័ន្ធរបស់លោក គឺកុលសម្ព័ន្ធគូរ៉័ស្ហ។ បន្ទាប់មក លោកបានចាប់ផ្តើមបង្ហាញសាសនាឥស្លាមទៅកាន់កុលសម្ព័ន្ធនានាដែលធ្វើដំណើរមកបំពេញធម្មយាត្រាហាជ្ជី។ ពេលនោះ អ្នកស្រុកម៉ាទីណះបានទទួលយកការអំពាវនាវរបស់លោក ហើយអ្នកឥស្លាមក៏បាននាំគ្នាធ្វើចំណាកស្រុក ភៀសខ្លួនបន្តិចម្តងៗទៅកាន់ក្រុងម៉ាទីណះ។
  5. ៥. ចំណាកស្រុករបស់លោក
    ព្យាការី ﷺ លោកបានធ្វើចំណាកស្រុក ភៀសខ្លួនទៅកាន់ក្រុងម៉ាទីណះ ដែលនៅពេលនោះត្រូវបានគេហៅថា យ៉ាសរិប ក្នុងឆ្នាំ៦២២ នៃគ.ស ក្នុងពេលដែលលោកមានអាយុ៥៣ឆ្នាំ ក្រោយពីលោកប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញសព្វបែបយ៉ាងពីសំណាក់ពួកមេដឹកនាំនៃកុលសម្ព័ន្ធគូរ៉័ស្ហដែលប្រឆាំងនឹងការអំពាវនាវរបស់លោក រហូតដល់ពួកគេព្យាយាមក្នុងការសម្លាប់លោក។ ព្យាការី ﷺ លោកបានរស់នៅក្នុងក្រុងម៉ាទីណះអស់រយៈពេលដប់ឆ្នាំដោយអំពាវនាវមនុស្សទៅកាន់សាសនាឥស្លាម ហើយលោកបានដាក់បទបញ្ជាឲ្យប្រតិបត្តិសឡាត បរិច្ចាគហ្សាកាត់ ក៏ដូចជាបទបញ្ញត្តិឥស្លាមផ្សេងទៀត។
  6. ៦. ការរីកសុសសាយនៃសាសនាឥស្លាមរបស់លោក
    រ៉ស៊ូលុលឡោះ ﷺ បានចាក់គ្រឹះនូវគ្រាប់ពូជនៃអរិយធម៌ឥស្លាមនៅក្នុងទីក្រុងម៉ាទីណះក្រោយការធ្វើចំណាកស្រុករបស់លោក(៦២២-៦៣២ គ.ស) និងបានចាក់គ្រឹះនូវអត្តសញ្ញាណនៃសហគមន៍ឥស្លាមឡើង។ លោកបានលុបបំបាត់នូវកុលសម្ព័ន្ធនិយមអវិជ្ជា ផ្សព្វផ្សាយនូវចំណេះដឹង និងបានដាក់ចេញនូវគោលការណ៍យុត្តិធម៌ សុច្ចរិតភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការដោយឈរលើអំពើល្អ និងការគោរពកោតខ្លាចអល់ឡោះ។ កុលសម្ព័ន្ធមួយចំនួនបានព្យាយាមវាយប្រហារ និងបំផ្លិចបំផ្លាញសាសនាឥស្លាមដែលជាហេតុនាំឲ្យសង្គ្រាម និងព្រឹត្តិការណ៍ជាច្រើនបានកើតឡើង ហើយអល់ឡោះជាម្ចាស់ទ្រង់បានជួយការពារសាសនា និងអ្នកនាំសាររបស់ទ្រង់។ បន្ទាប់មក មនុស្សម្នាក៏បានចូលសាសនាឥស្លាមជាបន្តបន្ទាប់។ ពេលនោះ ទីក្រុងម៉ាក្កះ និងទីក្រុងនានាភាគច្រើន រួមទាំងកុលសម្ព័ន្ធជាច្រើននៅឧបទ្វីបអារ៉ាប់បានចូលកាន់សាសនាឥស្លាម ដោយការជ្រើសរើស(មិនមានការបង្ខិតបង្ខំ) និងពេញចិត្តទទួលយកសាសនាដ៏ធំធេងនេះ។
  7. ៧. មរណភាពរបស់លោក
    ក្នុងខែសហ្វើរ(ខែទីពីរនៃប្រតិទិនឥស្លាម) ឆ្នាំទី១១ បន្ទាប់ពីចំណាកស្រុករបស់ព្យាការី និងក្រោយពីលោកបានផ្សព្វផ្សាយនូវសាររបស់អល់ឡោះ បានបំពេញនូវទំនួលខុសត្រូវរបស់លោក ហើយអល់ឡោះបានបង្គ្រប់នូវឧបការគុណរបស់ទ្រង់ដល់មនុស្សលោកតាមរយៈការបំពេញនូវសាសនាឥស្លាមរួចមក ព្យាការី ﷺ ក៏ចាប់ផ្តើមមានជំងឺគ្រុនក្តៅ។ ជំងឺរបស់លោកកាន់តែធ្ងន់ធ្ងរទៅៗ រហូតដល់លោកទទួលមរណភាពនៅថ្ងៃច័ន្ទ ទី១២ ខែរ៉ពីអ៊ុលអាវវ៉ាល់(ខែទីបីនៃប្រតិទិនឥស្លាម) ឆ្នាំទី១១ បន្ទាប់ពីចំណាកស្រុក ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ៦៣២ នៃគ.ស ក្នុងជន្មាយុ៦៣ឆ្នាំ។ សពរបស់លោកត្រូវបានបញ្ចុះនៅក្នុងបន្ទប់អាអ៊ីស្ហះ(កន្លែងដែលលោកទទួលមរណភាព)នៅក្បែរម៉ាស្ជិតណាហ្ពាវី។
ទំព័រ :1234Next

Getting Info...

About the Author

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment

សូមចូលរួមមតិ ឬស្ថាបនាមកកាន់យើង តាមរយៈការសរសេរសារខាងក្រោម! យើងនឹងព្យាយាមឆ្លើយតបឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ សូមអរគុណ!
Post a Comment
Cookie Consent
We serve cookies on this site to analyze traffic, remember your preferences, and optimize your experience.
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.
Site is Blocked
Sorry! This site is not available in your country.

Comments

Notify