The owner profile of KamnopIslam

Donate us

Why donate us


015627458 (Math Yousos)
https://pay.ababank.com/HrkEBMvBaX6aMifz8

ពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរ - The Testimony of Faith

Read time: 6 min

អត្ថន័យនៃពាក្យសក្ខីកម្ម محمد رسول الله (មូហាំម៉ាត់ជាអ្នកនាំសាររបស់អល់ឡោះ)

គឺការជឿជាក់ចំពោះព័ត៌មាន ឬដំណឹងទាំងឡាយដែលរ៉ស៊ូលុលឡោះ ﷺ លោកបានប្រាប់ អនុវត្តតាមបទបញ្ជាទាំងឡាយដែលលោកបានបង្គាប់ប្រើ និងជៀសឆ្ងាយពីប្រការទាំងឡាយដែលលោកបានហាមឃាត់ ហើយគោរពសក្ការៈចំពោះអល់ឡោះទៅតាមអ្វីដែលលោកបានដាក់ច្បាប់បញ្ញត្តិមកចំពោះយើង និងបានបង្រៀនវាដល់ពួកយើង។ ហើយវាគ្របដណ្តប់លើប្រការដូចខាងក្រោម ៖

១) ជឿជាក់ចំពោះព័ត៌មាន ឬដំណឹងទាំងអស់ដែលលោកបានប្រាប់ ក្នុងនោះមានដូចជា៖

  1. ប្រការអាថ៌កំបាំង ថ្ងៃបរលោក ឋានសួគ៌និងបរមសុខរបស់វា ហើយនិងឋាននរកនិងទណ្ឌកម្មរបស់វា។
  2. ហេតុការណ៍ដែលនឹងកើតឡើង ដូចជាព្រឹត្តិការណ៍នៃថ្ងៃបរលោក សញ្ញាសម្គាល់ថ្ងៃបរលោក ហើយនិងអ្វីដែលនឹងកើតមានឡើងនៅក្នុងសម័យកាលចុងក្រោយ(មុនថ្ងៃបរលោកមកដល់)។
  3. រឿងរ៉ាវរបស់អ្នកជំនាន់មុន និងរឿងរ៉ាវពីអតីតកាល ហើយនិងអ្វីដែលកើតមានរវាងបណ្តាព្យាការី និងប្រជាជាតិរបស់ពួកគាត់។

២) អនុវត្តតាមបទបញ្ជាទាំងឡាយដែលលោកបានបង្គាប់ប្រើ និងជៀសឆ្ងាយពីប្រការទាំងឡាយដែលលោកបានហាមឃាត់ ហើយវារួមបញ្ចូល៖

  1. អនុវត្តតាមបទបញ្ជាទាំងឡាយដែលរ៉ស៊ូលុលឡោះ ﷺ លោកបានបង្គាប់ប្រើពួកយើងឲ្យអនុវត្តវា ដូចជាការគោរពសក្ការៈ ការសាងអំពើល្អ និងប្រកាន់ខ្ជាប់អត្តចរិតល្អប្រពៃ។
  2. ជៀសឆ្ងាយពីប្រការទាំងឡាយដែលលោកបានហាមឃាត់ពួកយើងមិនឲ្យប្រព្រឹត្តវា ដូចជាសុជីវធម៌មិនល្អ និងឥរិយាបថដែលបង្កគ្រោះថ្នាក់ ហើយយើងត្រូវជឿថា ពិតណាស់ ការដែលលោកហាមឃាត់យើងពីប្រការទាំងនេះ គឺមានបុព្វហេតុច្បាស់លាស់ដែលអល់ឡោះទ្រង់មានចេតនា ហើយវាផ្តល់ផលប្រយោជន៍ដល់យើង ទោះបីជាពេលខ្លះ យើងមិនដឹងពីបុព្វហេតុទាំងនោះក៏ដោយ។
  3. ត្រូវជឿប្រាកដក្នុងចិត្តថា ជាការពិតណាស់ ព្យាការី ﷺ លោកមិននិយាយអ្វីតាមទំនើងចិត្តរបស់លោកនោះទេ ផ្ទុយទៅវិញ វាជាវ៉ាហ៊ី(រាជសារ)ពីអល់ឡោះជាម្ចាស់ ដូចដែលទ្រង់បានមានបន្ទូលថា៖ “អ្នកណាហើយប្រតិបត្តិតាមអ្នកនាំសារ(មូហាំម៉ាត់) គឺគេពិតជាបានប្រតិបត្តិតាមអល់ឡោះ”។ (អាន់នីសាក៖៨០)
  4. យើងជឿថា ជាការពិតណាស់ ជនណាហើយដែលធ្វើផ្ទុយពីបទបញ្ជារបស់ព្យាការី ﷺ គឺគេសក្តិសមបំផុតនឹងទទួលទណ្ឌកម្មដ៏សែនឈឺចាប់ ដូចដែលទ្រង់បានមានបន្ទូលថា៖ “ដូចេ្នះ ចូរឱ្យពួកដែលប្រឆាំងនឹងបទបញ្ជារបស់គាត់ប្រុងប្រយ័ត្នចំពោះគ្រោះអាសន្ននឹងធ្លាក់លើពួកគេ ឬទណ្ឌកម្មយ៉ាងឈឺចាប់ធ្លាក់លើពួកគេ”។ (អាន់នួរ៖៦៣)

៣) ពួកយើងមិនគោរពសក្ការៈចំពោះអល់ឡោះឡើយ លើកលែងតែវាស្របទៅតាមអ្វីដែលព្យាការី ﷺ លោកបានដាក់បញ្ញត្តិច្បាប់សម្រាប់ពួកយើង។ នៅក្នុងចំណុចនេះ គឺផ្ទុកទៅដោយប្រការជាច្រើនដែលចាំបាច់ត្រូវសង្កត់ធ្ងន់ចំពោះវា៖

ធ្វើតាមគំរូរបស់លោក

រ៉ស៊ូលុលឡោះ ﷺ គឺជាគំរូរបស់យើង។ កាលណាគេប្រតិបត្តិតាមការចង្អុលបង្ហាញ និងមាគ៌ា(ស៊ុណ្ណះ)របស់លោក ពោលគឺរាល់ពាក្យសម្តី ទង្វើ ការឯកភាព និងការទទួលស្គាល់របស់លោកកាន់តែខ្ជាប់ខ្ជួន នោះរូបគេក៏កាន់តែខិតទៅជិតព្រះជាម្ចាស់របស់គេ និងមានឋានៈកាន់តែខ្ពង់ខ្ពស់ចំពោះទ្រង់។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ចូរអ្នកពោលថា៖ ប្រសិនបើពួកអ្នកស្រឡាញ់អល់ឡោះ ចូរពួកអ្នកប្រតិបត្ដិតាមខ្ញុំ នោះអល់ឡោះពិតជាស្រឡាញ់ពួកអ្នក និងអភ័យទោសឱ្យពួកអ្នកនូវបាបកម្មទាំងឡាយរបស់ពួកអ្នក។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់”។ (អាលីអ៊ិមរ៉ន៖៣១)

ច្បាប់បញ្ញត្តិពេញលេញ

រ៉ស៊ូលុលឡោះ ﷺ បានផ្សព្វផ្សាយសាសនាឥស្លាម និងច្បាប់បញ្ញត្តិទាំងឡាយរបស់ឥស្លាមយ៉ាងពេញលេញដោយគ្មានខ្វះចន្លោះត្រង់ណាមួយឡើយ។ ដូច្នេះ គេមិនអនុញ្ញាតឲ្យបុគ្គលណាម្នាក់បង្កើតការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ណាមួយថ្មីនូវអ្វីដែលរ៉ស៊ូលុលឡោះ ﷺ លោកមិនបានដាក់បញ្ញត្តិច្បាប់សម្រាប់ពួកយើងនោះឡើយ។

ច្បាប់បញ្ញត្តិរបស់អល់ឡោះជាម្ចាស់ គឺសមស្របសម្រាប់គ្រប់សម័យកាល និងគ្រប់ទីកន្លែង

ក្បូនច្បាប់ឥស្លាម និងច្បាប់បញ្ញត្តិទាំងឡាយដែលមានចែងនៅក្នុងគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន) និងស៊ុណ្ណះ(មាគ៌ា)រ៉ស៊ូលុលឡោះ ﷺ គឺសមស្របសម្រាប់គ្រប់សម័យកាល និងគ្រប់ទីកន្លែងទាំងអស់ ព្រោះថាគ្មានបុគ្គលណាម្នាក់ដឹងពីអ្វីដែលផ្តល់គុណប្រយោជន៍ដល់មនុស្សជាងព្រះជាម្ចាស់ដែលជាអ្នកបានបង្កើតពួកគេ និងធ្វើឲ្យពួកគេមានវត្តមានពីភាពទទេនោះឡើយ។

ស្របទៅតាមស៊ុណ្ណះ

ដើម្បីឲ្យអល់ឡោះទទួលយកការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់) គឹចាំបាច់ត្រូវមានភាពស្មោះស ជ្រះថ្លា(អៀខ្លើស)ក្នុងការនៀតចំពោះអល់ឡោះ ﷺ ហើយការគោរពសក្ការៈនោះ ត្រូវស្របតាមអ្វីដែលរ៉ស៊ូលុលឡោះ ﷺ លោកបានដាក់បញ្ញត្តិច្បាប់មកលើពួកយើង ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ដូច្នេះ បុគ្គលណាហើយដែលសង្ឃឹមថា នឹងបានជួបម្ចាស់របស់គេ ចូរឲ្យគេសាងអំពើល្អ ហើយកុំឲ្យគេយកអ្នកណាម្នាក់ធ្វើជាដៃគូក្នុងការគោរពសក្ការៈចំពោះម្ចាស់របស់គេឲ្យសោះ”។ (អាល់កះហ្វ៍៖១១០)។ អត្ថន័យពាក្យថា “អំពើល្អ” គឺសំដៅលើអំពើដែលល្អត្រឹមត្រូវស្របតាមស៊ុណ្ណះ(មាគ៌ា លំអាន)របស់រ៉ស៊ូលុលឡោះ ﷺ។

មិនត្រូវបង្កើតថ្មីនៅក្នុងសាសនា

បុគ្គលណាដែលបានច្នៃប្រឌិតបង្កើតនូវការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ថ្មីដែលមិនមាននៅក្នុងស៊ុណ្ណះ(លំអាន)របស់ព្យាការី ﷺ ហើយគេចង់គោរពសក្ការៈទៅចំពោះអល់ឡោះតាមអ្វីដែលគេបានបង្កើតថ្មីនោះ ដូចជាបុគ្គលម្នាក់បង្កើតនូវការសឡាតថ្មីមួយខុសពីអ្វីដែលច្បាប់បញ្ញត្តិឥស្លាមបាននាំមក ពិតណាស់ គឺគេជាអ្នកដែលធ្វើផ្ទុយពីបទបញ្ជារបស់ព្យាការី ﷺ និងត្រូវទទួលបាបកម្មចំពោះទង្វើនោះ ហើយអំពើនោះនឹងត្រឡប់ទៅកាន់គេវិញ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ដូចេ្នះ ចូរឱ្យពួកដែលប្រឆាំងនឹងបទបញ្ជារបស់គាត់ប្រុងប្រយ័ត្នចំពោះគ្រោះអាសន្ននឹងធ្លាក់លើពួកគេ ឬទណ្ឌកម្មយ៉ាងឈឺចាប់ធ្លាក់លើពួកគេ”។ (អាន់នួរ៖៦៣)។ ព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាបង្កើតអ្វីមួយថ្មីនៅក្នុងកិច្ចការសាសនារបស់យើង ហើយប្រការនោះមិនមែនជាកិច្ចការសាសនាពីយើងទេ វានឹងត្រូវគេបដិសេធចោល”។ (ពូខរី៖២៦៩៧, មូស្លីម៖១៧១៨)

មានចិត្តស្រឡាញ់ចំពោះលោក

ក្នុងចំណោមកត្តាចាំបាច់ដែលត្រូវមានចំពោះជំនឿលើព្យាការី ﷺ គឺគេត្រូវមានក្តីស្រឡាញ់ទៅចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ជាងអ្វីៗទាំងអស់ ដូចដែលព្យាការី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលម្នាក់ៗក្នុងចំណោមពួកអ្នកមិនទាន់មានជំនឿពេញលេញទេ លុះត្រាតែគេស្រឡាញ់មកចំពោះខ្ញុំជាងឪពុកម្តាយរបស់គេ កូនចៅរបស់គេ និងជាងមនុស្សលោកទាំងអស់។ (ពូខរី៖១៥, មូស្លីម៤៤)

ទំព័រ :1234

Getting Info...

About the Author

សាសនា | ការអប់រំ | ការអភិវឌ្ឍន៍

កំណប់អ៊ីស្លាម

Post a Comment

សូមចូលរួមមតិ ឬស្ថាបនាមកកាន់យើង តាមរយៈការសរសេរសារខាងក្រោម! យើងនឹងព្យាយាមឆ្លើយតបឲ្យបានលឿន តាមដែលអាចធ្វើទៅបាន។ សូមអរគុណ!
Post a Comment
Cookie Consent
We serve cookies on this site to analyze traffic, remember your preferences, and optimize your experience.
Oops!
It seems there is something wrong with your internet connection. Please connect to the internet and start browsing again.
AdBlock Detected!
We have detected that you are using adblocking plugin in your browser.
The revenue we earn by the advertisements is used to manage this website, we request you to whitelist our website in your adblocking plugin.
Site is Blocked
Sorry! This site is not available in your country.

Comments

Notify